ឯកឧត្តមរដ្ឋម​ន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយដើម្បីបន្តចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយជាថវិកាចំនួន ១០ ០០០ដុល្លារអាម៉េរិក អង្ករចំនួន ១០តោន ទឹកសុទ្ធ V-Active ១ ០០០កេស និងភេសជ្ជៈ V-Cola ចំនួន ១ ០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍៈ ប្រ៊ូវើរី ដើម្បីបន្តចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធ V-Active និងភេសជ្ជៈ មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ា លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមជូនពរក្រុមហ៊ុនវឌ្ឍៈ ប្រ៊ូវើរី ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ព្រមទាំង អ្នកឧកញ៉ា និងសហការីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍៈ ប្រ៊ូវើរី ទទួលនូវការរាប់អានដ៏ស្មោះពីលោក។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានគូសបញ្ជាក់ថា នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជា លោកបានរួមសហការគ្នានាំយកនូវថវិកា អង្ករ ទឹកសុទ្ធ V-Active និងភេសជ្ជៈ យកមកក្រសួងព័ត៌មាន ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបញ្ជាក់ពីជំហរក្នុងការបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន ជាពិសេសក្នុងខណៈពេលមានសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា គឺអ្វីដែលសំខាន់ដែលក្រុមហ៊ុនជួយបានគឺមានតែការផ្តល់អំណោយជួយទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ កុមារ កំពុងស្នាក់នៅក្នុងជំរំភៀសសឹកយ៉ាងច្រើន។ ក្រុមហ៊ុន មានមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព អនាគតដ៏ល្អសម្រាប់កុមារ និងសង្គមជាតិបន្តទៅមុខទៀត៕