ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីរីកា កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បាននាំយកអំណោយឧបត្ថម្ភដល់ជនភៀសសឹក ដែលរត់គេចចេញពីការទម្លាក់គ្រាប់របស់ទាហានថៃ តាមបណ្តាខេត្តជាប់ព្រំដែន កាលពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ពេលនេះ រួមមាន៖ ខេត្តកោះកុង បាត់ដំបងបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ចំនួន ១៦៥គ្រួសារ ស្មើរនឹង ៦១០នាក់ ដែលកំពុងស្នាក់នៅ បណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកែប។ ពិធីនេះបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិព្រែកតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកែប បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ និងបានរំលឹកឡើងវិញ អំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រទេសកម្ពុជា និងការខិតខំតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់កម្លាំងកាយចិត្តក្នុងការរំដោះប្រទេសកម្ពុជា អោយចេញផុតពីភ្លើងសង្គ្រាម។
ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ ដោយមានការរំលោភបំពាន លលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងទ័ពថៃ គឺសម្តេច រួមជាមួយថ្នាក់ដឹកនាំកំពូលៗ និងវិរកងទ័ពកម្ពុជារបស់យើង លោកបានគឹតគូរ និងទប់ស្កាត់យ៉ាងរឹងមាំ ដោយមិនអោយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាបានឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តសូមឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់ ត្រូវរួមគ្នាជាកម្លាំងសាមគ្គីមួយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ទល់ និងជួយដោះស្រាយបញ្ហាប្រឈមនានា ដែលបាននិងកំពុងកើតមានឡើង នាពេលបច្ចុប្បន្ននេះ ជាពិសេសជួយផ្គត់ផ្គង់ដល់បងប្អូនជនភៀសសឹក ធ្វើយ៉ាងណាអោយពួកគាត់បានហូបគ្រប់គ្រាន់។
អំណោយដែលចែកជូនបងប្អូនជាជនភៀសសឹកទាំង៥ខេត្តនោះ រួមមាន៖ អង្ករ២៥គីឡូ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកសុទ្ធ, សៀងឆា និងសម្លៀកបំពាក់មួយចំនួន៕



















