ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រីកែ សួនសុភី សសុខា ជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក មកពីតំបន់ ជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៧២គ្រួសារ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រីកែ សួនសុភី សសុខា ដែលសម្តេច និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិន ប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពដែលនៅជួរក្រោយ និងតែងតែផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋភៀសសឹក និងសន្យាមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ដែលជួបការលំបាកនោះឡើយ។
អំណោយ ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបា អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ២យួរ និងថវិកា ចំនួន ៥០.០០០រៀលផងដែរ៕














