ឯកឧត្តម អាន់វ៉ា សង្ឃឹមថា​កិច្ចប្រជុំពិសេសអាស៊ាននៅថ្ងៃចន្ទស្អែកនេះ ក្លាយជាវេទិកាសម្រាប់កម្ពុជា ​និងថៃចរចាបន្ធូរបន្ថយភាពតានតឹង


ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន នឹងកោះប្រជុំពិសេសនៃបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ខណៈឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៊ីមសង្ឃឹមថាកិច្ចប្រជុំនេះនឹងក្លាយជាវេទិកាសម្រាប់កម្ពុជា និងថៃចូលរួមក្នុងកិច្ចសន្ទនាដោយបើកចំហ និងប្រកបដោយលក្ខណៈស្ថាបនាឆ្ពោទៅរកការបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama។
ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែធ្នូថាកិច្ចប្រជុំពិសេសនឹងត្រូវបានធ្វើឡើងតបតាមការសម្រេចចិត្តរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ។ កិច្ចប្រជុំពិសេសនេះនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan។ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ទៀតថាកិច្ចប្រជុំនៅថ្ងៃចន្ទស្អែកនេះនឹងក្លាយ ជាវេទិកាមួយសម្រាប់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានផ្លាស់ប្ដូរយោបល់លើស្ថានការណ៍សព្វថ្ងៃរវាងកម្ពុជា និងថៃ ហើយដើម្បីពិចារណាលើការបោះឆ្នោតជំហានដែលអាចធ្វើបានថាអាស៊ានអាចចូលរួមគាំទ្រដល់ កិច្ចប្រឹងប្រែងឆ្ពោះទៅរកការបន្ធូរបន្ថយជម្លោះ និងបញ្ឈប់អរិភាពដើម្បីប្រយោជន៍ដល់សន្តិភាព ស្ថិរភាពរវាងប្រទេសជាសមាជិកអាស៊ានទាំង២ និងតំបន់ទាំងមូល។
តាមក្រសួងការបរទេសម៉ាឡេស៊ី កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ានចំពោះការរួបរួម និងសាមគ្គីភាព ព្រមទាំងតួនាទីស្នូលរបស់អាស៊ានក្នុងការថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ស្របទៅតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងបន្ថែមថាថាក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ីនៅតែមានការប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានៅក្នុងស្មារតីអាស៊ាន៕