ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ


នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបន្តចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិមុខ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ដំណើរចុះសាកសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអ្នកឧកញ៉ា ទ្រី ភាព, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម ហួត ហាក់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខវីរកងទ័ព និងក្រុមគ្រួសារ នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកំពង់ធំរបស់យើងផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការគោរព ការដឹងគុណ ការស្រលាញ់ និងការកោតសរសើរវាយតម្លៃខ្ពស់ជូនបងប្អូនវីរកងទ័ពទាំងអស់ ចំពោះវីរភាព និងការខិតខំតស៊ូដ៏ស្វិតស្វាញ និងប្តូរផ្តាច់នៅលើសមរភូមិ ដោយហ៊ានលះបង់ដ៏ធំធេង លះបង់ឈាមនិងសាច់ ដើម្បីបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជាយើង ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនវីរកងទ័ពទាំងអស់ផងដែរថា សមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខយ៉ាងរឹងមាំជាធ្លុងមួយ និងជាកម្លាំងតែមួយ ដើម្បីផ្តល់ការគាំទ្រដល់វីរកងកម្លាំងកម្ពុជាយើង ទាំងកងទ័ព នគរបាល និងអាវុធហត្ថ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងក្រុមការងារអមដំណើរបានជូនពរឱ្យវីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ ហើយមានសុខភាពល្អ កម្លាំងមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារជាតិ និងដេញពួកឈ្លានពានកុំឱ្យចូលមកក្នុងទឹកដីយើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនរៀល និងលោកអ្នកឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ដល់វីរកងទ័ពរបួសក្នុងម្នាក់ៗដើម្បីជាការលើកទឹកចិត្តដល់បងប្អូនវីរកងទ័ពគ្រប់ៗគ្នា។ បងប្អូនវីរកងទ័ពទាំងអស់ បានបញ្ជាក់ពីទឹកចិត្តដោយមិនខ្លាចរុញរាថា ពេលជាសះស្បើយពីរបួសនឹងវិលចូលសមរភូមិប្រយុទ្ធវិញ ដោយមិនចុះញ៉មជាមួយពួកឈ្លានពាននោះឡើយ៕