ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារ»។
សិក្ខាសាលានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងស្ថាប័នជប៉ុន ប្រចាំកម្ពុជា, អង្គការ OLO ប្រចាំកម្ពុជា, លោក ឈិន សូនៅ ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា CCTU និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC), ឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ព្រមទាំងអ្នកពាក់ព័ន្ធធ្វើការលើវិស័យការងារជាច្រើនរូបទៀត នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ ទំនាក់ទំនងវិជ្ជាជីវៈ គឺជាទំនាក់ទំនង រវាងនយោជក និងកម្មករនិយោជិត និងរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវការការពារសិទ្ធិ សេរីភាព អត្ថប្រយោជន៍ស្របច្បាប់ និងកាត់បន្ថយវិវាទនៅកន្លែងការងារ។
នាកាសនោះដែរ ឯកឧត្តម ងុយ រិទ្ធ បានជំរុញឱ្យរួមគ្នាអនុវត្តសិទ្ធិសេរីភាព វិជ្ជាជីវៈ ក្របខណ្ឌច្បាប់នៃការធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីចៀសវាងការប្រាសចាកការអនុវត្តខុសច្បាប់។ ខណៈសហជីព គឺជាអ្នកបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈលើវិស័យការងារ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ នៅតែបន្តសហការជាមួយដៃគូពាក់ព័ន្ធនានា ហើយចាត់ទុកអង្គការវិជ្ជាជីវៈ និងការពង្រឹងសមត្ថភាពអង្គការវិជ្ជាជីវៈ គឺជាការងារអាទិភាពមួយ ដើម្បីជួយឱ្យអង្គការវិជ្ជាជីវៈទាំងអស់ អាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់កាន់តែមានតម្លាភាព ប្រសិទ្ធភាពក្នុង ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិត និងកាត់បន្ថយនូវវិវាទការងារនៅតាមរោងចក្រ សហគ្រាស ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពប្រសើរឡើង ជាលំដាប់នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលជាគន្លឹះក្នុងការរក្សាបាននូវការវិនិយោគដែល កំពុងមានស្រាប់ ព្រមទាំងអាចទាក់ទាញវិនិយោគបន្ថែមទៀតដើម្បីជាប្រយោជន៍ក្នុងការធ្វើឱ្យជីវភាពបងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង។ ការចូលរួមពីសំណាក់សហជីពបងប្អូនកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធផ្សេងទៀតគឺជាកត្តាមិនអាចខ្វះបាន។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានអះអាងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកគ្រប់យន្តការដើម្បីទទួលបណ្តឹងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់សេវាការងារ។ ក្រសួងនៅតែបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ, សិទ្ធិសេរីភាព, សន្តិសុខសង្គម, ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត សំដៅធ្វើឱ្យសម្រេចឱ្យបាននូវការសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាបានថាកម្លាំងពលកម្មរបស់កម្ពុជាអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ និងភាពតានតឹងនៃស្ថានភាព នយោបាយ និងពាណិជ្ជកម្មអន្តរជាតិផងដែរ៕































