នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានជាថវិកា និងសម្ភារគ្រឿងឧបភោគ បរិភោគ ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៥០៣ គ្រួសារ និងគ្រួសារវីរកងទ័ពជួរមុខចំនួន ៤៤ គ្រួសារ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នាឱកាសនេះ ក្នុងស្មារតីជួយគ្នា្នក្នុងគ្រាមានអាសន្ន ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ដើម្បីឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ និងវីរកងទ័ព ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។
អំណោយសម្រាប់គ្រួសារភៀសសឹកទទួលបានថវិកាចំនួន ៥០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត ទឹកបរិសុទ្ធ ភេសជ្ជៈ សម្ភារប្រើប្រាស់ (ខោ អាវ ប្រេងកូឡា) និងសម្ភារសិក្សាសម្រាប់កុមារ។ សម្រាប់គ្រួសារវីរកងទ័ពទទួលបានថវិកាចំនួន ៤០០ ០០០ រៀលក្នុង១គ្រួសារ ព្រមទាំងសម្ភារឧបភោគបរិភោគជាច្រើនផ្សេងទៀត ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់។
ក្នុងនាមរដ្ឋបាលខេត្ត និងតំណាងបងប្អូនជនភៀសសឹក ក៏ដូចជាគ្រួសារវីរកងទ័ព ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងគិតគូរពីសុខទុក្ខវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ហើយក៏អរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ដែលបានចុះមកផ្ទាល់និងនាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនាពេលនេះ៕









