ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានលើកឡើងថា ការតស៊ូប្រយុទ្ធលើកនេះ មិនត្រឹមតែជាការប្រយុទ្ធការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការការពារកិត្តិយស និងលើកមុខមាត់ប្រទេសជាតិ កុំឱ្យប្រទេសអមិត្ត ដែលគ្មានច្បាប់ទម្លាប់នេះ ប្រមាថមើលងាយកម្ពុជាបន្តទៀត។ ប្រជាជនកម្ពុជាគ្រប់រូប បានសម្ដែងនូវការដឹងគុណ ព្រមទាំងប្រសិទ្ធនាម និងចារទុកកងទ័ពទាំងអស់ ថាជាវីរជនការពារជាតិ ប្រឆាំងនឹងសត្រូវឈ្លានពាន។
ការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម រួមជាមួយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយកងកម្លាំងមកពី ៦អង្គភាព នៃស្រុកគាស់ក្រឡ។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងចំណុចសំខាន់ៗ ៣ ដែលធ្វើឱ្យការតស៊ូប្រយុទ្ធ ក្នុងការការពារជាតិរបស់វីរកងទ័ព ក្លាយជាចំណុចខ្លាំងរបស់កម្ពុជា រួមមាន៖
ទី១៖ ប្រទេសថៃ ជាអ្នកផ្តើមសង្គ្រាម ដោយធ្វើសកម្មភាពបង្កហេតុ និងញុះញង់គ្រប់រូបភាពមកលើកម្ពុជា ដូចជា បាញ់សម្លាប់ទាហានកម្ពុជា ព័ទ្ធបន្លាលួស បណ្តេញប្រជាជនចេញពីផ្ទះសម្បែង ប្រើសំឡេងរំខាន បាញ់សម្លាប់ជនស៊ីវិល និងរំលោភបំពានលើពលការិនី ជាដើម។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលជំហរអត់ធ្មត់ជាអតិបរមា ព្រោះកម្ពុជាយល់យ៉ាងច្បាស់ពីផលប៉ះពាល់នៃសង្គ្រាម និងតម្លៃនៃសន្តិភាព។
ទី២៖ កងទ័ពថៃ ជាទ័ពដែលគ្មានបទពិសោធ ជាទ័ពលម្អក្រុង និងជាទ័ពថ្មី ដែលត្រូវបានបង្ខំឱ្យចូលប្រយុទ្ធ ដើម្បីបម្រើតែមហិច្ឆតារបស់មេដឹកនាំ ដែលស្រេកឃ្លានអំណាច និងមិនខ្វល់ពីសុខទុក្ខ និងអាយុជីវិតរបស់កងទ័ព និងប្រជាជនខ្លួន។ ផ្ទុយទៅវិញ កងទ័ពកម្ពុជា បានស្ម័គ្រចិត្តចូលប្រយុទ្ធ ដោយស្មារតីតស៊ូអង់អាចក្លាហាន និងមនសិការស្នេហាជាតិ ការពារទឹកដីមាតុភូមិ ក្រោមការដឹកនាំប្រកបដោយបទពិសោធ យុទ្ធសាស្ត្រ និងការទូតដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ និងសម្តេចធិបតី។
ម្យ៉ាងវិញទៀត ប្រទេសថៃ មិនមានឯកភាពផ្ទៃក្នុងឡើយ ដោយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងគណបក្សនយោបាយ មានជំហរផ្ទុយគ្នា ខណៈដែលបញ្ញវន្ត អាជីវករ និងប្រជាពលរដ្ឋថៃជាច្រើន ក៏មិនគាំទ្រសង្គ្រាមនេះដែរ។ ដោយឡែក កម្ពុជាទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន ទាំងក្នុង និងក្រៅប្រទេស មានសាមគ្គីភាព និងសំឡេងតែមួយ មិនអាចបំបែកបាន និងរួបរួមគ្នាគាំទ្រជាប់ពីក្រោយជានិច្ច។
ទី៣៖ កងទ័ពកម្ពុជា មានយុទ្ធសាស្ត្រផ្នែកចិត្តសាស្ត្រ ដែលជាកត្តាសំខាន់ ដើម្បីបង្ហាញពីជំហររឹងមាំ តាមរយៈភាពអង់អាចក្លាហាន មោះមុត បង្ហាញចេញពីទឹកមុខ កាយវិការ ពាក្យសម្តី និងការរួបរួមគ្នាជានិច្ច ក្នុងការតស៊ូប្រយុទ្ធ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយឧបត្ថម្ភ មកជូនកងកម្លាំងទាំង ៦អង្គភាព រួមមាន ម៉ូតូ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ជាច្រើនទៀត៕









