យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនដល់បងប្អូនជាគ្រួសារកងទ័ព និងប្រជារាស្ត្រជាជនភៀសសឹកចំនួន៥៩៥គ្រួសារ រងគ្រោះដោយសារការឈ្លានពាន ពីទាហានថៃ ដែលអាជ្ញាធរដែនដី បានធ្វើការបន្លាស់ទីមកកន្លែងសុវត្ថិភាពចំនួន២ទីតាំង ស្ថិតក្នុងខេត្តពោធិ៍សាត់។
សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ព្រះរាជតំណាង បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យ នឹករលឹកសាកសួរ សុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលជាគ្រួសារកងទ័ព ប្រជារាស្ត្រភៀសសឹកដោយសារការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។
សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនជាគ្រួសារកងទ័ព និងប្រជាពលរដ្ឋជនភៀសសឹកក្នុងខេត្តពោធិ៍សាត់នេះ។
សម្តេចមហាមន្ត្រី បានបង្ហាញអំពីការគាំទ្រ ដឹងគុណ និងការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយ បញ្ហាប្រកបដោយយុទ្ធសាស្ត្រ និងការផ្តល់យោបល់ប្រកបដោយបទពិសោធន៍ខ្ពស់របស់សម្តេចទាំងទ្វេ ដែលធ្វើឲ្យវីរកងទ័ពគ្រប់រូប បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ អង់អាចក្លាហានឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ។
សម្តេចមហាមន្ត្រី ព្រះរាជតំណាង បានសម្តែងនូវសេចក្តីអាណិតស្រឡាញ់ចំពោះគ្រួសារកងទ័ព និងបងប្អូន ប្រជារាស្ត្រជាជនភៀសសឹកចំនួន ៥៩៥គ្រួសារ ព្រមទាំងបានមានប្រសាសន៍លើកទឹកចិត្ត និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាព ជូន ប្រជាពលរដ្ឋទូទាំងប្រទេស។
ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចមហាមន្ត្រី ព្រះរាជតំណាង និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានយកមកជូនដល់ប្រជារាស្ត្រចំនួន ៥៩៥ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ចំនួន១បាវ ស្មើ ៥០គក ឃីតចំនួន ១ ក្នុងនោះមានមុង១ ភួយ១ ក្រមា១ សារុង១ អាវយឺតមានផ្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ១ មី ចំនួន២កេស ត្រីខ ចំនួន១០កំប៉ុង ទឹកត្រី ចំនួន ១យួរ ស្មើនឹង៦ដប ទឹកស៊ីអ៊ីវ ចំនួន ១យួរ ស្មើនឹង៦ដប ទឹកដោះគោខាប់ ចំនួន ១០កំប៉ុង ទឹកបរិសុទ្ធ ចំនួន២កេស នំស្រួយលីលី ចំនួន២កញ្ចប់ធំ ដោយក្នុង១កញ្ចប់ ៣៣កញ្ចប់តូច កន្ទេល ចំនួន១ តង់កៅស៊ូ ចំនួន១ និងថវិកាចំនួន ៤០០.០០០៛ (បួនរយពាន់រៀល)៕











