(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា នៅក្នុងកាលៈទេសៈទប់ទល់នឹងការឈ្លានពានថៃ មន្រ្តីបុគ្គលសុខាភិបាលជួរមុខ គឺបំពេញភារកិច្ចក្នុងភាពក្លាហាន ដើម្បីសង្គ្រោះព្យាបាលដោយការគោរពស្រឡាញ់ ចំពោះអ្នកជំងឺរបួសដោយការប្តូរផ្តាច់បំផុត។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គ ភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣០៣៧នាក់ នារសៀលថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ដថា វិស័យនានាដែលថា វិស័យសុខាភិបាល បានឆ្លើយតបទៅនឹងតម្រូវការ នៃការជួយសង្គ្រោះប្រជាពលរដ្ឋ និងកងទ័ពដែលមានជំងឺ ឬរងរបួស ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារនៅតាមតំបន់ព្រំដែន។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានសង្គត់ធ្ងន់ថា លទ្ធផលដែលវិស័យសុខាភិបាលអាចសម្រេចបានមកត្រឹមពេលនេះ មិនមែនកើតឡើងដោយបុគ្គលណាម្នាក់ទេ គឺបានមកពីការចូលរួមរបស់មន្ត្រីសុខាភិបាលទាំងអស់នៅទូទាំងប្រទេស ហើយមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមរក្សាភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។
ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានបន្តបម្រើសេវា ជូនប្រជាជន និងកងទ័ព ដោយទឹកចិត្តមុះមុត មិនរាថយចំពោះឧបសគ្គ និងការគំរាមកំហែង ដោយហឹង្សាពីសំណាក់សត្រូវឈ្លានពាន។ ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ឋានានុក្រមសូមផ្តល់ជូនបុគ្គលិកសុខាភិបាល នៅជួរមុខទាំងអស់នូវស្មារតីគាំទ្រ និងបន្តស្ថិតនៅជាប់ជាមួយបុគ្គលិកសុខាភិបាលទាំងអស់នៅក្នុងពេលវេលាដ៏លំបាកនេះ។
បន្ទាប់ពីនេះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកអំណះអំណាងចំនួន២ ដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ មកចែករំលែកសម្រាប់ធ្វើការពិចារណា៖
១៖ សូមកុំគិតថាអ្នកដឹកនាំត្រូវចេះជំនាញបច្ចេកទេសគ្រប់មុខទាំងអស់ និងចេះធ្វើការងារបច្ចេកទេសលម្អិត។ ចំណុចនេះជំរុញឱ្យអ្នកដឹកនាំចំណាយពេលសាកសួរ និងស្តាប់យោបល់របស់អ្នកបច្ចេកទេស និងធ្វើការសំយោគគំនិតទាំងនោះ មកប្រើប្រាស់សម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីភាពរីកចម្រើនរបស់អង្គភាព។
២៖ សូមកុំជឿថាអ្នកដឹកនាំធ្វើអ្វីសុទ្ធតែត្រូវ ឬអាចធ្វើអ្វីបានជោគជ័យតែម្នាក់ឯង។ ដូច្នេះអ្នកដឹកនាំត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ពីការសម្រេចចិត្តរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ និងវិនិយោគលើការអភិវឌ្ឍន៍ក្រុមការងារ ដែលនៅជុំវិញ ព្រោះក្រុមការងារដែលនៅជុំវិញថ្នាក់ដឹកនាំនេះហើយ ជាកត្តាជួយអ្នកដឹកនាំឱ្យសម្រេចបាននូវគោលដៅធំៗ របស់អង្គភាព ឬស្ថាបន័៕





















