(ព្រះវិហារ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងនាំយកស្បៀងចែកជូនជនភៀសសឹក ចំនួន ១ ១៨០គ្រួសារ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាល ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិ ក្នុងការការពារខឿនការពារជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ព នៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។
ក្នុងថ្ងៃនេះផងដែរ ប្រជាពលរដ្ឋចំនួន ១ ១៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន ១ឃីត ភួយ ១, ប្រហុក ១គីឡូក្រាម, ឆៃប៉ូវ ១គីឡូក្រាម, អំបិល ១គីឡូក្រាម, កេសសម្ភារៈចំនួន៩មុខ (សាប៊ូដុស ខ្លួន ១ដុំ, សំឡីអនាម័យ ១ដុំ, មី៥កញ្ចប់, នំផ្អែមប្រៃ ១ កញ្ចប់, ទឹកដោះគោខាប់ ១កំប៉ុង, ខោទឹកនោម១ដុំ, ក្រដាស់សើម១ដុំ, ម្សៅទឹកដោះគោ ១កំប៉ុង, ក្រម៉ា ១) អង្ករ ២៥គីឡូក្រាម និងថវិកា ៥ម៉ីនរៀល៕





























