ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ


ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន ៨១៩គ្រួសារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពូមីង បងប្អូន ក្មួយៗ គ្រួសារវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹកជាច្រើនរូប។
ឯកឧត្តមប្រធាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពូមីង បងប្អូនជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។
ជាការពិតណាស់ ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាត បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។ ទុក្ខលំបាកទាំងនេះ គឺកាន់តែធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ដូច្នេះហើយសន្តិភាព គឺពិតជាមានតម្លៃណាស់ ដែលយើងទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបានគ្មានអ្នកណាស្រឡាញ់សន្តិភាពជាងកម្ពុជានោះទេ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមជាច្រើន និងយល់ច្បាស់ពីផលវិបាកនៃសង្គ្រាម ហេតុដូច្នេះកម្ពុជាមានឆន្ទៈចង់បានបទឈប់បាញ់គ្នាជាបន្ទាន់ និងសន្តិភាពយូរអង្វែង។ ក្នុងស្ថានភាពតានតឹងចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ឆ្លើយតបទៅនឹងការឈ្លានពាន ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានក្នុងឋានៈជារដ្ឋឯករាជ្យស្មើមុខស្មើមាត់ក្នុងតំបន់ និងលើឆាកអន្តរជាតិ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋភិបាល និងមានឆន្ទៈរួមគ្នាជាធ្លុងមួយ។
ជាទីបញ្ចប់ឯកឧត្តមប្រធាន សូមឱ្យគ្រួសារវីរកងទ័ព ជនភៀសសឹក ប្រជាពលរដ្ឋទាំងអស់ដែលជាសមរភូមិក្រោយប្រមូលស្មារតីទាំងអស់គ្នា និងសូមប្រែក្លាយការឈឺចាប់នេះទៅជាភាពរឹងមាំ និងការរួបរួមគ្នាចំពោះមុខ ប្រជាពលរដ្ឋត្រូវរឹងមាំអាចរស់ដោយខ្លួនឯងបាន មន្រ្តីរាជការ អាជ្ញាធរត្រូវខិតខំប្រឹងប្រែងបំពេញការងារ សិស្សានុសិស្ស ប្រឹងប្រែងរៀនសូត្រ វិស័យឯកជនក៏ត្រូវប្រឹងប្រែងដូចគ្នា បើសិនជាយើងប្រឹងស្មើដៃគ្នា យើងនឹងខ្លាំងនៅពេលអនាគត៕