ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប


នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្រាវជ្រាវស្ដីពី «ប្រភេទត្រីនៅទន្លេសាប» និង «ប្រព័ន្ធជីពចរទឹកជំនន់តំបន់ទំនាបត្រូពិក៖បឹងទន្លេសាប ប្រទេសកម្ពុជា» នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា អាជ្ញាធរទន្លេសាប ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងនាមជាស្ថាប័នសម្របសម្រួល បាននិងកំពុងតែបន្តអនុវត្តបេសកកម្មការងារ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបានការថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិតំបន់បឹងទន្លេសាប ទៅតាមផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០២៤-២០២៨) ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស កម្មវិធីអនុវត្តវាយតម្លៃសន្តិសុខទឹក និងភាពធន់នៅតំបន់ទន្លេសាប ដែលជាធាតុចូលដ៏មានសារសំខាន់ឈានទៅរៀបចំកសាងផែនទីបង្ហាញផ្លូវផែនការយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ការគ្រប់គ្រងអាងទន្លេសាបប្រកបដោយនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ភាពរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យាកាន់តែទំនើប ការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាពលរដ្ឋ បាននិងកំពុងដាក់សម្ពាធដល់បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះនៃអាងទន្លេសាប ដែលកិច្ចការនេះតម្រូវឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការចូលរួមសហការគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងក្របខ័ណ្ឌអាងទន្លេសាប ទាំងផ្នែកនយោបាយ បច្ចេកទេស និងអភិបាលកិច្ចស្ថាប័ន ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិបឹងទន្លេសាប ៕