សម្តេចប្រធានរដ្ឋសភា ទទួលអំណោយសប្បុរសធម៌ ជាថវិកា និងគ្រឿងឧបភោគបរិភោគពី ក្រុមការងារស្រ្តីនៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលអំណោយសប្បុរសធម៌ ពីក្រុមការងារស្រ្តីនៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយលោកស្រី នន់ ថាវី ដែលជាប្រធាន ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជា កំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃ មកលើអធិបតេយ្យកម្ពុជា។

នាឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅជូន ក្រុមការងារស្រ្តី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងការរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិក៏ដូចជាសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ ថវិកាដែលក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបាន ជូនដល់ សម្តេចប្រធានរដ្ឋសភានាពេលនេះ មានចំនួន ២លានរៀល។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចលនាស្នេហាជាតិ បានផ្ទុះឡើងយ៉ាងខ្លំាងក្លានិងរឹងមាំជាទីបំផុត ក្នុងស្រទាប់គ្រួសារខ្មែរ បានឈរយ៉ាងរឹងមាំពីរក្រោយរាជរដ្ឋាភិបាលនិងវរយុទ្ធជនតតំាងប្រឆំាងចោរឈ្លានពាន។ នៅក្នុងនោះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការទំាងអស់ ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជននានា បានចូលរួមយ៉ាងសស្រាក់សស្រំា មិនប្រកាន់និន្នាការនយោបាយឡើយ បានចូលរួមទំាងកម្លំាងកាយចិត្ត ថវិកា និងសម្ភារៈ ក្នុងការឧបត្ថម្ភ គំាទ្រជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹករបស់យើង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ បានឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរកងទ័ព នៅក្នុងការប្រយុទ្ធតតំាងជាមួយក្រុមចោរឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។

សម្តេចបានសង្កត់ធ្ងន់ថា «ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ។ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ដល់ជនភៀសសឹក និងគាំទ្រដល់វីរកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ»។

ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើជូន វីរកងទ័ពនៅសមរភូមិមុខថា រដ្ឋសភានិងពលរដ្ឋខ្មែរទំាងអស់ នៅពីក្រោយបងប្អូនជានិច្ច ផ្តល់ភាពកក់ក្តៅ លើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសារវីរយុទ្ធជនឱ្យសមនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនដែលបានលះបង់ដើម្បីជាតិនិងប្រជាពលរដ្ឋនៅពេលនេះ។ កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ចាក់ថា អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានា បានធ្វើការបែបចែក ជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជន ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលី។ ដើម្បីគំាទ្រដល់សកម្មភាពមនុស្សធម៌ ដែលក្រុមការងារស្រ្តី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញបន្តទៀត សម្តេចប្រធានរដ្ឋសភាបានប្រគល់ជូន ថវិកាផ្ទាល់ខ្លួន សម្តេចចំនួន៥លានរៀលដល់ក្រុមការងារស្រ្តី វិញដែរ។

ជាថ្មីម្ដងទៀត សម្តេចបានផ្តាំផ្ញើជូនក្រុមការងារត្រូវផ្សារភ្ជាប់កម្លំាងមនុស្សធម៌ជាមួយមហាគ្រួសារខ្មែរ បន្តចូលរួមគំាទ្រ វីរយុទ្ធជន និងពលរដ្ឋភៀសសឹក តាមគ្រប់មធ្យោបាយ និងត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិនិងយន្តការទ្វេភាគី៕