សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី៣០ និង៣១ ជូនជនមានពិការភាពគ្មានទីពឹង១គ្រួសារ និងយុវតីទុរគតម្នាក់ នៅសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម


ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី រួមនិងព្រះសង្ឃផង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះបន្ទាប់ទី៣០ និងទី៣១ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនជនមានពិការភាពគ្មានទីពឹងឈ្មោះ ប៉ូ រី អាយុ ៥១ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស និងយុវតីទុរគតឈ្មោះ ចាន់ ស្រីទន់ អាយុ២៤ឆ្នាំ នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។

លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាមបានឲ្យដឹងថា ឈ្មោះ ប៉ូ រី ជាជនមានពិការភាពដោយជំងឺលើសឈាមបណ្ដាលឲ្យស្វិតជើងខាងឆ្វេងដើរមិនរួច រស់នៅកំសត់ជាមួយប្រពន្ធជរា និងកូនស្រីពៅ ដែលកំពុងសិក្សា។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែជនពិការម្នាក់នេះ មានទាំងជម្ងឺប្រចាំកាយថែមទៀត។

ចំពោះយុវតីឈ្មោះ ចាន់ ស្រីទន់ អាយុ២៤ឆ្នាំ ជាកូនកំព្រាឪពុក ម្ដាយ តាំងពីតូច ហើយរស់នៅយ៉ាងលំបាកជាមួយជីដូនដែលបានចិញ្ចឹមបីបាច់ ជួយឲ្យក្មួយស្រីបានសិក្សារៀនសូត្រ រហូតចប់ថ្នាក់បរិញ្ញាបត្រ។ ក្រោយការស្លាប់របស់ជីដូន ក្មួយស្រីត្រូវរស់នៅតែ ២ នាក់និងប្អូនស្រីជីដូនមួយ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ ក្រ១ ក្មួយស្រីត្រូវបានចៅសង្កាត់បឹងកុក ជួយឲ្យមកបម្រើការងារនៅសាលាសង្កាត់ គ្រាន់បានកម្រៃចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ការសិក្សារបស់ប្អូន។

លោក ទូច ឆៃ បានបញ្ជាក់ថា តាមការស្នើសុំពីក្រុមកាកបាទក្រហមសង្កាត់បឹងកុក- សង្កាត់សំបួរមាស អនុសាខាក្រុង រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណក្រុង និងដោយ មើលឃើញពីស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០ រៀល ផ្តល់ជូន គ្រួសារជនមានពិការភាព ប៉ូ រី និងយុវតីកំព្រា ចាន់ ស្រីទន់ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។

ជាមួយគ្នានោះ ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខាបានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនសម្រាប់សង្កត់ផ្ទះថ្មីនេះ ក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស,ឃីត ២សម្រាប់ សាប៊ូ១៦ដុំ សម្ភារដំណេក សម្ភារផ្ទះបាយ និងថវិកា២០០,០០០រៀលផងដែរ។

ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២០ នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និងអាវយឺត ព្រមទាំងថវិកាចំនួន២០,០០០រៀលផងដែរ៕