នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាគោលនយោបាយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៨០លានរៀល ប្រគល់ជូនភរិយារបស់សពលោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស ជាយោធិន នៃតំបន់ប្រតិបត្តិការសឹករងព្រំវិហារ យោធភូមិភាគទី៤ បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងមានស្រុកកំណេីតនៅភូមិពោធិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានបានចូលរួមរំលែកទុក្ខ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។






