ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្ត មន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង ចំនួន ១៥២៦ គ្រួសារ ក្នុងនោះស្រុកបូទុមសាគរ មានចំនួន ៦៤៧ គ្រួសារ និងស្រុកកោះកុង មានចំនួន ៨៧៩ គ្រួសារ។
ពិធីប្រគល់អំណោយនេះ បានរៀបចំនៅជំរំជនភៀសសឹកចំនួន ២ ទីតាំងផ្សេងគ្នា ដោយមានការចូលរួមពី លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន នាយកសាលា និងព្រះចៅអធិការវត្ត តាមទីតាំងនីមួយៗ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋយើង ពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃ របស់ប្រទេសថៃមកលើប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការវាយប្រហារឈ្លានពានរបស់យោធាសៀម កាន់តែមានភាពសាហាវឃោឃៅ និងកាន់តែចូលជ្រៅមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលធ្វើឱ្យចំនួនប្រជាពលរដ្ឋភៀសសឹក មានការកើនឡើងយ៉ាងខ្លាំង។ ស្ថានភាពនេះ តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវបន្តរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពឱ្យកាន់តែសស្រាក់សស្រាំថែមទៀត។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា អំណោយដែលបានយកមកជូននាពេលនេះ ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពខ្មែរតែមួយ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមជាកម្លាំងកាយចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលបានជម្លៀសមកទីសុវត្ថិភាពដោយសារការឈ្លានពានដ៏កំរោល ឃោរឃៅ និងព្រៃផ្សៃពីទាហានសៀម។
ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងជំរំជនភៀសសឹក ឱ្យយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំងសុខភាព បង្ការជំងឺដំកាត់នានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពនឹងនរ និងកក់ក្តៅក្នុងចិត្ត ព្រោះថា រាជរដ្ឋាភិបាល និងសប្បុសរជនទាំងអស់នឹងនៅរួមសុខ រួមទុក្ខជាប់ជានិច្ច ដោយមិនបោះបង់បងប្អូនចោលឡើយ។ ទន្ទឹមនេះ បងប្អូនប្រជាពលរដ្ឋត្រូវមានការអត់ធ្មត់ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយទាំងផ្លូវការទូត ផ្លូវច្បាប់ និងយោធា ដើម្បីការពារអាយុជីវិតប្រជាជន បូរណភាពទឹកដី និងឈានទៅបញ្ចប់សង្រ្គាម នាំយកសុខសន្តិភាព នាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត គុណ ញឹម និងសមាជិកសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ និងបានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះ មិនត្រឹមតែចូលរួមចំណែកជួយដោះស្រាយជីវភាព ប្រចាំថ្ងៃប៉ុណ្ណោះទេ បន្តែក៏ជាការផ្តល់កម្លាំងចិត្តដ៏ធំធេង ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងរងផលប៉ះពាល់ទាំងផ្នែកសុវត្ថិភាព និងផ្នែកស្មារតីយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមឈ្លានពាននេះ។
អំណោយសម្រាប់ចែកជូននាឱកាសនេះ រួមមាន អង្ករ ៧ ៦៣០ គីឡូក្រាម, ទឹកសុទ្ធ ៦៣៦ កេស, មីកញ្ចប់ ១ ៥២៦ កេស និងកញ្ចប់ (Kits) ចំនួន ១ ៥២៦ (១ កញ្ចប់សម្រាប់ ១ គ្រួសារ) ដោយ ក្នុង Kits នីមួយៗ រួមមាន ភួយ ១, សារុង ១, អាវរងា ១, ទឹកស៊ីអ៊ីវ ១ ដប, ទឹកត្រី ១ ដប, ទឹកដោះគោខាប់ ៣ កំប៉ុង, ទឹកដោះគោស្រស់ ១ យួរ ស្មើ ៤ កំប៉ុង, ទឹកក្រូច ៥ កំប៉ុង, នំប៉័ងកញ្ចប់ ១ ដុំ, ច្រាសដុសធ្មេញ ២, ថ្នាំដុសធ្មេញ ១, សាប៊ូដុសខ្លួន ១ ដុំ, សំឡីអនាម័យ ១ ដុំ, ម្សៅសាប៊ូ ២ កញ្ចប់ ស្មើ ២៥០ក្រាម, បាយក្តាំង ២ កញ្ចប់, សាច់ក្រក កន្លះគីឡូក្រាម, ឆៃប៉ូវ កន្លះគីឡូក្រាម, ត្រីងៀត ២, ស្ករស ១ គីឡូក្រាម និងថវិកា ៥០ ០០០ រៀលក្នុង ១ គ្រួសារ សរុបស្មើនឹង ៧៦ ៣០០ ០០០ រៀល។ ឯកឧត្តមបណ្ឌិត ក៏បានប្រគល់ថវិកាមួយចំនួនផងដែរ ជូនរដ្ឋបាលស្រុកទាំងពីរ និងព្រះចៅអធិការវត្ត សម្រាប់រួមចំណែកសម្រាលបន្ទុក ក្នុងការរៀបចំទីកន្លែងនិងការទ្រទ្រង់ប្រជាពលរដ្ឋភៀសសឹកក្នុងវត្ត។
គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពាន ពីសំណាក់យោធាសៀមមកលើកម្ពុជាជាលើកទី២ រហូតដល់ពេលនេះ សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកសម្ភារឧបត្ថម្ភជូនវីរកងទ័ព ជួរមុខជាច្រើនលើក ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋភៀសសឹក ដែលបានជម្លៀសមកទីសុវត្ថិភាពក្នុងខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង សរុបចំនួន ៧ ៨២៩ គ្រួសារ រួចមកហើយ។
សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្តេជ្ញាបន្តនាំយកជំនួយឧបត្ថម្ភសម្រាប់ជនភៀសសឹក តាមបណ្តាខេត្តនានាជាបន្តបន្ទាប់ទៀត៕







































