អភិបាលខេត្តស្វាយរៀងណែនាំ មន្រ្តីត្រូវរៀបចំទីតាំង និងក្រុមការងារ ដើម្បីទទួលនូវសម្ភារ ថវិកា របស់សប្បុរសជនសម្រាប់យកទៅផ្តល់ជូនដល់វីរៈកងទ័ព និងជនភៀសសឹក ដែលទទួលរងគ្រោះពីការឈ្លានពានរបស់ថៃ


ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវរៀបចំទីតាំង និងក្រុមការងារ ដើម្បីទទួលនូវសម្ភារ ថវិកា របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ ក្រុមហ៊ុន ជាដើម សម្រាប់យកទៅផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹក ដែលទទួលរងគ្រោះពីការឈ្លានពានរបស់ថៃ។

ការថ្លែងណែនាំបែបនេះ របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២៥។

បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត និងអរគុណដល់រដ្ឋបាលក្រុង ស្រុកដែលបានគៀគរជំនួយ​ និងការដឹកជញ្ជូនស្បៀងដែលបានមកពីការចូលរបស់សប្បុរសជនយកទៅចែកជូនដល់វីរកងទ័ព​ និងជនភៀសសឹក។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យតាមដានការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ ព្រមទាំងបូកសរុបលទ្ធផលស្រូវទាំង២រដូវ ទាំងរដូវប្រាំង និងរដូវវស្សា។
*ទី២៖ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទៅលើការសងសង់សំណង់នានាដែលរំលោភមកដីចំណីផ្លូវសាធារណៈនិងត្រូវចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។
*ទី៣៖ រដ្ឋបាលក្រុង ស្រុកត្រូវបន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អជូនប្រជាពលរដ្ឋ។
*ទី៤៖ ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
*ទី៥៖ រដ្ឋបាលក្រុង ស្រុកត្រូវ បន្តការសហការតាមដានព័ត៌មានដែលបានផ្សាយពីចំណុចអវិជ្ជមាននានាពីមូលដ្ឋានរបស់ត្រូវពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានត្រឹមត្រូវទាន់ពេលវេលា។
*ទី៦៖ រដ្ឋបាលក្រុង ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឱ្យកិច្ចប្រជុំលើកជាមតិយោបល់ និងបញ្ហាផ្សេងៗផងដែរ ក្នុងនោះមន្ទីរ អង្គភាព មួយចំនួនបានលើកឡើងពីវឌ្ឍនភាពការងាររបស់ខ្លួន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ៕