ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងនាំយកថវិកា សម្ភារៈ ឧបត្ថម្ភដល់វីរនគរបាលជាតិ ដែលបានរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ហើយកំពុងសម្រាកព្យាបាលជំងឺ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ព្រះកុសុមៈ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ស ថេត បាននូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់វីរកងកម្លាំងនគរបាលជាតិ និងសូមជូពរឱ្យឆាប់បានជាសះស្បើយពីរបួស។
នាយឧត្ដមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកអភិសន្តិបណ្ឌិត ស សុខា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។
ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ របស់កងកម្លាំងយើងក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដែលការលះបង់ដ៏ធំធេងនេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបាន។
ដើម្បីជាការលើកទឹកចិត្ត នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភថវិកា សម្ភារៈ ដល់វីរនគរបាលជាតិ ផងដែរ។ ជាមួយគ្នានេះដែរ តាមរយៈ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា និងថវិការបស់នាយកដ្ឋាននគរបាលទេសចរណ៍ ដល់វីរនគរបាលជាតិផងដែរ៕





















