ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ម៉ៅ នរនាថ បាននាំយកថវិកាចំនួន ១០០,១៦៨,០០០ រៀល និងសារ៉ុងចំនួន ២,១៦៨ ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់បេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។
ពិធីប្រគល់ និងទទួលអំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំងសហការី ក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកយ៉ាងជ្រាលជ្រៅ។
បន្ទាប់ពីពិធីប្រគល់ និងទទួលអំណោយ ឯកឧត្តម ឃួន ផុនរតនៈ និងភរិយា រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន និងភរិយា បានអញ្ជើញចុះសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាល ដោយផ្ទាល់តាមគ្រែ ដើម្បីសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារ និងកុមារៗ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួន ផុនរតនៈ និងភរិយា ក៏បានចែកជូនសារ៉ុង និងថវិកា ដល់អាណាព្យាបាលកុមារដែលកំពុងសម្រាកព្យាបាលផងដែរ។
ឯកឧត្តម ឃួន ផុនរតនៈ បានលើកឡើងថា ការចូលរួមនាពេលនេះ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការចូលរួមចំណែកគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាស្ថាប័នដ៏សំខាន់ក្នុងការផ្តល់ក្តីសង្ឃឹម និងសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ លោកបានបង្ហាញសេចក្តីសង្ឃឹមថា អំណោយទាំងនេះ នឹងរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សីដ៏មានតម្លៃរបស់ជាតិ។
សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះវិស័យសុខាភិបាលសាធារណៈ ជាពិសេស ការរួមចំណែកក្នុងការរក្សានិរន្តរភាព នៃការព្យាបាលដោយឥតគិតថ្លៃ សម្រាប់កុមារកម្ពុជាគ្រប់រូប៕








