អភិបាលខេត្តពោធិ៍សាត់ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលពលីជីវិតនៅសមរភូមិមុខ


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ចាន់ សុវត្ថា មេបញ្ជាការរងកងអនុសេនាធំវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ១៤ វីរជនពលី ក្នុងកិច្ចការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ក្នុងជន្មាយុ៣៩ឆ្នាំ ស្ថិតក្នុងបរិវេណវត្តឈូកមាស ភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាមួយក្រុមគ្រួសារនៃសព។

ជាមួយគ្នានោះ ឯកឧត្តមសូមសម្តែងនូវសេចក្តីសង្វេគយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត របស់លោកវរសេនីយ៍ទោ ចាន់ សុវត្ថា គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ ឈាមស្រស់ ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។

ឯកឧត្តមអភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានោះ លោកបានសម្តែងនូវសេចក្តីអាណិតស្រឡាញ់ ចំពោះគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកទូទាំងខេត្ត ក៏ដូចទូទាំងប្រទេស ដោយបានមានប្រសាសន៍លើកទឹកចិត្ត និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព ឈានទៅរកបទឈប់បាញ់ និងដោះស្រាយនូវស្បៀងអាហារ ការស្នាក់នៅ ជូនប្រជាពលរដ្ឋទូទាំងប្រទេស មិនឱ្យខ្វះខាត និងដាច់ស្បៀងនោះឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ខូយ រីដា ក៏បានចូលរួមបុណ្យសព ចំនួន១០លានរៀល រួមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ព្រមទាំងបន្តជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ព ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ចំនួន៥៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម, មី១កេស, ឃីត១កញ្ចប់, សម្លៀកបំពាក់១ថង និងថវិកា២០ម៉ឺនរៀលផងដែរ៕