នៅក្នុងកិច្ចប្រជុំចិន-កម្ពុជា-ថៃ នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីចិនបានប្រកាសត្រៀមខ្លួនដើម្បីផ្ដល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ ក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេរភាគី។
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មានទទួលបានបញ្ជាក់ថា ប្រទេសចិន ក៏បានស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយអាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។
ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជា និងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា វាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ហើយផ្តល់នូវមូលដ្ឋានការកសាងសន្តិភាពឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីទាំង៣ គាំទ្រគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុលោមតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំនោះ រដ្ឋមន្ដ្រីការបរទេសចិន បានអះអាងថា ចិនត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌ តាមរយៈក្រុមការងារសម្របសម្រួលចម្រុះ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងផ្ដល់ជំនួយសំខាន់ៗសម្រាប់ក្រុម អ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីធានានូវការដំណើរការប្រកបដោយប្រសិទ្ធភាព។ យោធាចិន នឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២កម្ពុជា និងថៃ៕







