កិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់ចិន កម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីចិន អះអាងថា យោធាចិននឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជានិងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២ កម្ពុជា និងថៃ។
ក្នុងសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិន-កម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា «ចិនបានត្រៀមរួចជាស្រេច ដើម្បីផ្ដល់រាល់ការគាំទ្រចាំបាច់នានាដល់កម្ពុជា និងថៃ នៅក្នុងការជំរុញការបោសសម្អាតមីនមនុស្សធម៌។
ជាមួយគ្នានេះ យោធាចិននឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីភាគីទាំង២កម្ពុជា និងថៃ»។
ចិន ក៏បានស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការព្យាយាមចាប់ផ្ដើមឡើងវិញនូវការផ្ដោះប្ដូរគ្នា និងការទំនាក់ទំនងគ្នាលើគ្រប់វិស័យ និងគ្រប់កម្រិត ជាមួយទស្សនៈដើម្បីស្ដារការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាស្ដារជីវភាពរស់នៅរបស់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែន ស្របទៅតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ GBC លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចិនត្រៀមរួចជាស្រេចដើម្បីផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់តម្រូវការជីវភាពនៃជនភៀសសឹកនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់។
ចិនស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ដើម្បីកសាងការប្រាស្រ័យទាក់ទងគ្នាឡើងវិញតាមរយៈបណ្ដាញការទូត និងលើកកម្ពស់ការទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំង២។
កម្ពុជា និងថៃ ក៏បានយល់ព្រមបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំមេគង្គ-ឡាងឆាង លើកទី៥ ដែលបានគ្រោងទុករៀបចំឡើងនៅក្នុងប្រទេសថៃ នៅពេលវេលាសមស្របណាមួយ និងធានានូវភាពជោគជ័យនៃកិច្ចប្រជុំនេះផងដែរ៕







