កម្ពុជា-ថៃ ​នឹងបន្តធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីកសាងទំនុកចិត្តនយោបាយ និង​ស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ


កម្ពុជា និងថៃ នឹងបន្តធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីកសាងទំនុកចិត្តនយោបាយគ្នាទៅវិញទៅមក និងលើកកម្ពស់ការទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេសកម្ពុជា ថៃ និងចិន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន។

តាមលទ្ធផលកិច្ចប្រជុំនេះ កម្ពុជា និងថៃ បានយល់ព្រមបង្កើតបរិយាកាសល្អសម្រាប់កិច្ចប្រជុំមេគង្គ-ឡាងឆាង លើកទី៥ ដែលបានគ្រោងទុករៀបចំឡើងនៅក្នុងប្រទេសថៃ នៅពេលវេលាសមស្របណាមួយ និងធានានូវភាពជោគជ័យនៃកិច្ចប្រជុំនេះ។

​ស្របជាមួយគ្នានេះដែរ ចិនបានស្វាគមន៍កិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ដើម្បីកសាងការប្រាស្រ័យទាក់ទងគ្នាឡើងវិញ តាមរយៈបណ្ដាញការទូត និងលើកកម្ពស់ការទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំង២។

ទន្ទឹមគ្នានេះចិនបានលើកទឹកចិត្តឱ្យកម្ពុជានិងថៃ បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការបន្តទំនាក់ទំនងជាប្រក្រតីឡើងវិញដោយសន្សឹមៗ។

ក្នុងនាមជាអ្នកសម្របសម្រួល ចិនមានឆន្ទៈផ្តល់វេទិកា នៅពេលចាំបាច់ សម្រាប់ឱ្យភាគីទាំងពីរ ធ្វើការទំនាក់ទំនងកាន់តែគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព៕