សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារផ្ញើជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដើម្បីពន្យល់ជុំវិញការជ្រើសរើសយកការអនុវត្តបទឈប់បាញ់។
សម្តេចបញ្ជាក់ថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ។
សាររបស់សម្តេចនាយករដ្ឋមន្ត្រីមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!
ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់ នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។
ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និងចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និងសកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និង លើសកលលោក។
ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និង វិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និងក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និងថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ។
ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ។
ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិយ៉ាងអន្ទះសារបំផុត ។ ដូច្នេះ, ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន, រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស។
ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន។
ជាមួយនឹងការធានាបាននូវការបញ្ជាក់ច្បាស់ថា ការរៀបចំទាំងឡាយ (Arrangments) ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និង ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរនោះទេ, ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ជូន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញ ឱ្យបានឆាប់បំផុត នូវការងារវាស់វែង និង ខណ្ឌសីមាព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ, ពិសេស នៅតំបន់ព្រំដែនរងផលប៉ះពាល់ ដែលមានប្រជាជនស៊ីវិលធ្លាប់រស់នៅ, ដើម្បីធានានូវសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះ ក៏បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និង ប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះ, ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិផងដែរថា ខ្ញុំបានផ្តល់ការណែនាំដល់ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និង រៀបចំការសម្របសម្រួល ដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ។ ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខ សម្រាប់បងប្អូនដែលរស់នៅតំបន់នោះ។
មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ, ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល ៧២ ម៉ោង, យោធិនកម្ពុជា ១៨ រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥។
បន្ថែមលើនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏បានគូសរំលេចអំពីការបេ្តជ្ញារួមគ្នារវាងភាគីទាំងពីរ ក្នុងការបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការជាអាទិភាពមួយចំនួនទៀត ដោយប្រើប្រាស់យន្តការ និង អនុលោមតាមកិច្ចព្រមព្រៀង ដែលមានជាធរមាន ។ ក្នុងន័យនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏ជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមក រួមមាន សេចក្តីប្រកាសព័ត៌មានរួមនៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៥ និង សេចក្តីថ្លែងការណ៍រួម ទីក្រុង គូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ រួមបញ្ចូលនូវឯកសារព្រមព្រៀងផ្សេងទៀត ដែលសមេ្រចបានមក នៅក្រោមខណ្ឌកិច្ចព្រមព្រៀងនេះ, ព្រមទាំងកិច្ចព្រមព្រៀងជាធរមានទាំងឡាយទៀត រវាងកម្ពុជា និង ថៃ។
ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ, ជាពិសស សហរដ្ឋអាម៉េរិក, សាធារណរដ្ឋប្រជាមានិតចិន, និង បណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន, ដែលបានជួយជ្រោមជ្រែង និង ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនេះ តាំងពីដើមទីមក ពោលគឺ តាំងពីការរៀបចំនូវបទឈប់បាញ់ នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ។ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់គោលជំហរអនុវត្តពេញលេញ និង ដោយស្មោះត្រង់ នូវសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះ និង សូមស្វាគមការចូលរួមរបស់ប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ ក្នុងការគាំទ្រដល់ការធានានូវការអនុវត្តសេចក្តីប្រកាសរួមនេះ ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាព, ពិសេស ក្នុងការពង្រឹងតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវវិធានការនានាដែលបានឯកភាពគ្នាក្នុងបទឈប់បាញ់នេះ។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប, ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវកត្តញ្ញូតាធម៌ និង អំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ទ្រង់ទាំងទ្វេតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកម្ម ដើម្បីជាតិ និង មាតុភូមិ និង តែងយកព្រះទ័យទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខកូនចៅ ជាប្រជានុរាស្ត្ររបស់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ, ពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតចំពោះមុខនេះ។
ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការកាពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី, ហើយក៏សូមសម្តែងនូវការកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និង ស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជនរួមជាតិគ្រប់រូប, ពីគ្រប់ទិសទី, ទាំងក្នុង និង ក្រៅប្រទេស ។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និង គ្រប់ជំនាន់។
ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះ, ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់», យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង។
ជាថ្មីម្តងទៀត, បទពិសោធនៃសង្រ្គាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្រ្គាមមិនអាចបញ្ចប់បានដោយសង្រ្គាមនោះទេ, ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយ ដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និង ការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាន នូវការបាត់បង់អាយុជីវិត, ការឈឺចាប់, និង ការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ។
ខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង, គ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី, នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និង ក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី និង ក្នុងការអភិវឌ្ឍជាតិ និង មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និង ក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និង កិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ។
ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមប្រសិទ្ធពរជូនដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និង បងប្អូនជនរួមជាតិជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


