ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់វីរកងទ័ពដែលរងរបួស និងប្រជាជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២កន្លែងក្នុងខេត្តសៀមរាប។ ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជាជាច្រើនរូបផងដែរ។
នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែងដល់វីរកងទ័ពទាំងអស់ ដែលបានបំពេញបេសកកម្មយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ បន្ថែមពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនក្រុមគ្រូពេទ្យទាំងអស់ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងនាមជាសមរភូមិជួរក្រោយ ផ្ដល់ការមើលថែយ៉ាងយកចិត្តទុកដាក់ជូនដល់វីរកងទ័ព៕















