កិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់ចិន កម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីទាំង៣ កម្ពុជា-ថៃ និងចិន បានឯកភាពគ្នាចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា។
ក្នុងសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំចិន-កម្ពុជា-ថៃ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្ពុជា និងថៃ បានបង្ហាញការប្តេជ្ញាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងក្នុងការបង្កើតកិច្ចប្រឹងប្រែងរួម ជាមួយប្រទេសក្នុងតំបន់ ដើម្បីដោះស្រាយហានិភ័យក៏ដូចជា បញ្ហាប្រឈមរួម អនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញានៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍។
សេចក្តីប្រកាសលទ្ធផលនេះ បានបញ្ជាក់ទៀតថា «ប្រទេសទាំងបី (ចិន កម្ពុជា និង ថៃ) ឯកភាពគ្នាចាត់វិធានការកាន់តែមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកអនឡាញ ឬការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់»។
កិច្ចប្រជុំត្រីភាគី រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់ចិន កម្ពុជា និងថៃ នៅខេត្តយូណាន ប្រទេសចិន រយៈពេល២ថ្ងៃ នាថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ភាគីចិន បន្ទាប់ពីកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ដោយអនុវត្តចាប់ពីម៉ោង ១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥តទៅ។ ជាមួយនឹងបទឈប់បាញ់នេះ ភាគីទាំងពីរនឹងរក្សាការឈរជើងនៅទីតាំងដែលខ្លួនឈរជើងនាបច្ចុប្បន្ន និងអត់ធ្មត់រយៈពេល ៧២ម៉ោង ខណៈដែលភាគីថៃ សន្យាថានឹងដោះលែងយោធិនទាំង១៨នាក់ ដែលថៃចាប់ខ្លួនផងដែរ។
នៅក្នុងកិច្ចប្រជុំត្រីភាគី ចិនស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ផងដែរ៕







