ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំ សមាជិក សមាជិកា គណ:កម្មាធិការសាខាចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលបានពុលផ្សែង និងរងបួសក្នុងសមរភូមិមុខតំបន់អានសេះ តំបន់ ព្រះវិហារ ៣រូប គ្រួសារវីរយុទ្ធជន ១រូប និងបន្តសួរសុខទុក្ខស្ត្រីសម្រាលកូនភ្លោះ ២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តរតនគិរី ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹម។
ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនជាវីរយុទ្ធជន និងគ្រួសារវីរយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។
ឯកឧត្តម ញ៉ែម សំអឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឲ្យកូន ចៅ ស្វាមី ទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។
ក្នុងឱកាសនោះដែរ វីរយុទ្ធជន និងគ្រួសារ បានថ្លែងអំណរគុណចំពោះឯកឧត្តម ញ៉ែម សំអឿន ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។
សូមបញ្ជាក់ថា វីរយុទ្ធជនដែលរងគ្រោះដោយពុលផ្សែង និងគ្រួសារយុទ្ធជនដែលកំពុងសម្រាកព្យាបាលនាពេលនេះ ទទួលបាននូវការឧបត្ថម្ភអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុង ១នាក់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ រួមនឹងថវិកាសាខា និងថវិការបស់សប្បុរសជនមួយចំនួនទៀតផងដែរ៕









