ព្រះសង្ឃ ពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំ ខេត្តកំពង់ចាម រួមគ្នាប្រារព្ធពិធីសាសនា ដើម្បីសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា


នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ព្រះសង្ឃ ពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំ ខេត្តកំពង់ចាម រួមគ្នាប្រារព្ធពិធីបួងសួង សុំសេចក្តីសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះ ធ្វើឡើងនៅ ក្នុងបរិវេណវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

បើតាមលោកតាអាចារ្យ ដឹកនាំពិធី បានឲ្យដឹងថា ពិធីបួងសួងសុំសេចក្តីសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធី ក្នុងការបញ្ចប់ជម្លោះកម្ពុជា ថៃ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សាមិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាតបង់និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។

លោកអាចារ្យ បន្តថា ក្នុងប្រវត្តិសាស្ត្រខ្មែរពុទ្ធសាសនា តែងដើរតួនាទីជាគ្រឹះផ្នែកស្មារតី និងជាអំណាចសីលធម៌ ដែលណែនាំតម្រង់ទិសការសម្រេចចិត្តសង្គមនិងនយោបាយ នៅពេលដែលសង្គមប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ដូចជា សង្គ្រាម ការបែកបាក់ និងការបាត់បង់ជីវិតមនុស្ស តាមរយៈការអំពាវនាវជាសំឡេងមនុស្សធម៌ ដើម្បីរំលឹកថា អំណាចនយោបាយ និងយោធា ត្រូវស្ថិតក្រោមសីលធម៌ និងការគោរពជីវិត។ ភាពតានតឹង និងការព្រួយបារម្ភជាសាធារណៈអំពីផលប៉ះពាល់នៃ ជម្លោះកម្ពុជា ថៃ បានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ សន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់ ប្រការនេះបានជម្រុញឱ្យកើតមាននូវព្រឹត្តិការណ៍ ដែលបង្ហាញពីឆន្ទៈសង្គមច្បាស់លាស់ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយដោយសន្តិវិធី ដើម្បីឈានឈ្ពោះទៅរកសន្តិភាពមួយពិតប្រាកដ។

លោកអាចារ្យ បន្ថែមទៀតថា តាមទស្សនៈព្រះពុទ្ធសាសនា ការប្រើអំពើទាំងឡាយដោយការវាយដំ ឬប្រើកម្លាំងលើផ្លូវកាយ ការប៉ះទង្គិចតាមពាក្យសំដី និងការចងគំនុំបៀតបៀន ការព្យាបាទតាមផ្លូវចិត្ត ពុំនាំមកនូវសន្តិភាពពិតប្រាកដទេ ការប្រើប្រាស់អំពើហិង្សា ក្រោមលេសអ្វីក៏ដោយ គឺជាការផ្ទុយទៅនឹងធម៌វិន័យ និងសីលធម៌សង្គម ហើយនាំមកនូវការបៀតបៀន ការព្យាបាទគ្នាគ្មានទីបំផុត។ផ្ទុយទៅវិញ តាមទស្សនៈព្រះពុទ្ធសាសនាបានបង្ហាញថា ការគេចផុត ឬការរម្ងាប់អំពើហិង្សាទាំងនេះបាន ត្រូវប្រើប្រាស់យន្តការសន្តិវិធី និងសេចក្តីស្រលាញ់ សេចក្តីមេត្តា និងសេចក្តីករុណាយោគយល់គ្នា។

ផ្អែកលើពុទ្ធោវាទខាងលើនេះ ពិធីបួងសួងសុំសេចក្ដីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមឡើងដោយមានចក្ខុវិស័យបណ្តុះនូវការការពារសន្តិភាព និងស្រឡាញ់សន្តិភាព ការបណ្ដុះនូវបញ្ញា ស្មារតី ឆន្ទៈនិងការពង្រឹងនូវសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ រួបរួមគ្នាដើម្បីគាំទ្រ និងជឿជាក់លើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារជាតិ បូរណភាពទឹកដី វប្បធម៌ ប្រពៃណី និងសុខសុភមង្គលប្រជាជនដោយសន្តិវិធី និងធម៌អហិង្សា។