ក្នុងបរិយាកាសដ៏សែនស្ងប់សុខ និងពោរពេញដោយក្តីសង្ឃឹម នាល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទ ចូលរួមបួងសួងសុំសេចក្ដីសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ដែលពិធីនេះត្រូវបានរៀបចំធ្វើឡើងស្របពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមមានភាពធូរស្រាល ក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារយៈពេល ៧២ម៉ោង។
ពិធីបួងសួងនេះ មិនត្រឹមតែជាកិច្ចបែបសាសនានោះទេ ប៉ុន្តែគឺជាការបង្ហាញនូវស្មារតីយល់ដឹងរួមគ្នាថា «សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាគឺជាការខាតបង់ និងជាវិនាសកម្មដ៏ធ្ងន់ធ្ងរនៃមនុស្សជាតិ»។
សន្តិភាពគឺជាមូលដ្ឋានគ្រឹះតែមួយគត់សម្រាប់ការអភិវឌ្ឍ។ បើគ្មានសន្តិភាព ក៏គ្មានការកសាងផ្លូវ គ្មានសាលារៀន ឬមន្ទីរពេទ្យឡើយ។ យើងទាំងអស់គ្នាមិនចង់ឮសូរគ្រាប់កាំភ្លើង ឬឃើញផ្សែងសង្គ្រាមទៀតទេ។អ្វីដែលយើងចង់បានបំផុតនៅពេលនេះ គឺស្នាមញញឹមរបស់កុមារ សុភមង្គលរបស់គ្រួសារ និងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើននៅតាមបណ្តោយព្រំដែន”។
ពិធីបួងសួងនេះបានបញ្ជូនសារយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោក និងជនរួមជាតិទាំងអស់ថា «កម្ពុជាត្រូវការសន្តិភាពជាដាច់ខាត និងមិនចង់ឃើញការបង្ហូរឈាមជាថ្មីម្តងទៀតឡើយ»។ យ៉ាងណាម៉ិញ ការចូលរួមរបស់មហាជនក្នុងថ្ងៃនេះ សបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាក្រោមដំបូលសន្តិភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់វិវាទដោយសន្តិវិធី និងការទូត ដើម្បីរក្សាបាននូវភាពសុខសាន្តយូរអង្វែងជូនប្រជាជាតិផងដែរ៕




























