អ្នកនាំពាក្យក្រសួងការពារជាតិ៖ ពេល៣ថ្ងៃ នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា​-ថៃ ស្ថានការណ៍តាមព្រំដែន មានភាពស្ងប់ស្ងាត់


លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ពេល៣ថ្ងៃ នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា​-ថៃ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ គឺមានភាពស្ងប់ស្ងាត់។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹយ៉ាងដូច្នេះថា៖ «បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ស្ថានការណ៍នៅជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺមានសភាពស្ងប់ស្ងាត់»

លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥»។

ជាមួយគ្នានេះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា បាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា យ៉ាងម៉ឹងមាត់ និងច្បាស់លាស់បំផុត៕