អភិបាលខេត្តបាត់ដំបង នាំយកអំណោយរបស់សប្បុរសជន ឧបត្ថម្ភជូនកងវីរកងទ័ពកំពុងឈរជើងការពារនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានបន្តនាំយកអំណោយដែលទទួលបានពីសប្បុរសជនជាបន្តបន្ទាប់ មានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ដែលអាហារក្រៀម អាហារឆ្អិនស្រាប់ អំបុក ឧបត្ថម្ភជូនកងវីរកងទ័ពកំពុងឈរជើងការពារនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងតស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីកម្ពុជា យ៉ាងអង់អាចក្លាហានបំផុត ដើម្បីលើកទឹកចិត្តដល់វីរកងទ័ព និងបង្ហាញពីទឹកចិត្តស្នេហាជាតិ ប្រជាពលរដ្ឋដែលជាកម្លាំងជួរក្រោយ បានចូលរួមឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់មិនឱ្យមានការខ្វះខាតឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ យុវជន យុវតី អ្នកស្ម័គ្រចិត្ត ដែលបានខិតខំជួយអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចម្អិន វេចខ្ចប់ម្ហូបអាហារ សម្រាប់ចែកជូនវីរកងទ័ព និងបងប្អូនភៀសសឹកកន្លងមកផងដែរ៕