អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ភៀសសឹក គ្រួសារវីរៈកងទ័ព ស្រ្តីមេម៉ាយ និងជនចាស់ជរា ចំនួន២១៥គ្រួសារនៅស្រុកកូនមុំ


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី អមដំណើដោយប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋភៀសសឹក គ្រួសារវីរៈកងទ័ព ស្រ្តីមេម៉ាយ និងជនចាស់ជរាចំនួន២១៥គ្រួសារ នៅស្រុកកូនមុំ ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ការផ្តល់អំណោយជូន នាពេលនេះគឺជាកាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុង និងជួបការលំបាក។ ឯកឧត្តមបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ត្រូវធានាធ្វើយ៉ាងណាអនុវត្តឲ្យខានតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជាជំហានៗ។ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាពេលនេះគឺជាការចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈ។

ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម បាននិងកំពុងបន្តពុះពារជម្នះការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឲ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោក។

ក្នុងបរិបទនេះ អាជ្ញាធរខេត្តរតនគិរី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា នឹងបន្តជំរុញឲ្យមានការអភិវឌ្ឍបន្ថែមទៀត ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹង ការអនុវត្ត ជាប្រចាំនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានានូវសន្តិសុខ ទាំងតាមទីជនបទ ក៏ដូចជាទីប្រជុំជន ក្រុង-ស្រុក សំដៅបង្កលក្ខណៈ ងាយស្រួលជូនប្រជាពលរដ្ឋ ប្រកបមុខរបរទទួលទានដោយសុខសុវត្ថិភាព និងពង្រីកលើការវិនិយោគសាធារណៈ រួមចំណែកឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តភាព។

សូមបញ្ជាក់ថា ការផ្តល់អំណោយនាពេលនេះ ក្នុង១គ្រួសារ ទទួលបានត្រីខ១យួរ, ទឹកត្រី១យួរ, មីជាតិ១កេសតូច, អង្ករ២៥គីឡូក្រាម, មុងនីឡុង និងភួយ១ផងដែរ៕