ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី មឿន សុផុន បម្រើការងារនៅកងអនុសេនាធំលេខ៣ វរសេនាតូច២១២ កងពលតូចលេខ២១ ដែលបានពលីក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តខ្សុំជើង ស្ថិតនៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ឯកឧត្តម សួន សុម៉ាលីន បានថ្លែងថា ការពលីរបស់លោកវរសេនីយ៍ត្រី មឿន សុផុន មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុបម្រើជាតិ និងបានការពារបូរណភាពទឹកដីកម្ពុជារៀងរហូតមក៕



















