សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងក្នុងនាម សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏មហាប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏មហាប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ ក្នុងនាម សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងទូលព្រះបង្គំជា ខ្ញុំផ្ទាល់ ទូលព្រះបង្គំជាខ្ញុំ មានក្តីសោមនស្សរីករាយក្រៃលែង សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តសម្តែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុត ប្រកបដោយភក្ដីភាពថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរព្រះមហាករុណាទិគុណ និងព្រះវិសុទ្ធគុណយ៉ាងក្រៃលែងថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលបានបំពេញព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រក្នុងព្រះបរមនាមជា ព្រះប្រមុខរដ្ឋ ដោយពុំខ្លាចនឿយព្រះកាយពល ព្រះបញ្ញាញាណ ទាំងនៅក្នុងប្រទេស និងនៅលើពិភពលោក នាំឱ្យ ប្រជាជាតិកម្ពុជាទទួលបានកិត្តិសព្ទកាន់តែល្បីល្បាញ ប្រជានុរាស្ត្រមានមោទនភាពបំផុត ក្នុងនាមជាមហាគ្រួសារ សាមគ្គីជាតិខ្មែរតែមួយ ប្រកបដោយសុខសន្តិភាព វិបុលភាព សុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលមាន ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គង់ជា ម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើង។
តបតាមព្រះរាជគុណូបការៈដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទន កិច្ចលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណវាងវៃ ដើម្បីព្រះអង្គគង់ ប្រថាប់ជា ព្រះមហាក្សត្រ ដែលជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរជាដរាបតរៀងទៅ។
សូម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស ទទួលនូវ គារវភក្តីដ៏មហាខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា»៕


