រដ្ឋមន្ត្រី ថោ ជេដ្ឋា នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកបន្តជូនដល់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ១០តោន ប្រហុក២០០០កែវ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកបន្តដល់ក្រុមគ្រួសារបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងខេត្តសៀមរាប។

សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានបងប្អូនភៀសសឹកស្នាក់នៅបណ្តោះអាសន្នចំនួន ៤៧,០០០គ្រួសារ ស្មើនឹងប្រមាណ ១៣ម៉ឺននាក់។

គ្រឿងឧបភោគបរិភោគទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់បងប្អូនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែង ដោយសារការឈ្លានពានដ៏ឃោរឃៅរបស់យោធាសៀម ហើយកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្មារតីរួបរួម សាមគ្គីគ្នាខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ៕