សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលអំណោយជាថវិកា ១០លានរៀល អង្ករ និងសម្ភារមួយចំនួន ពីលោកស្រីឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆាមពាន និងស្វាមី សម្រាប់ចែកជូនដល់វីរកងទ័ពនិងជនភៀសសឹក


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ជាថវិកា និងសម្ភារមួយចំនួនពី លោកស្រីឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆាមពាន និងស្វាមី ដើម្បីបន្តចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិ មហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនក្នុងបុព្វហេតុការពារជាតិ និងប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកជំទាវឧកញ៉ា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ។ អំណោយសប្បុរសដែលលោកស្រីឧកញ៉ា សុខ សុភាព ប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាឱកាសនេះ មានថវិកាចំនួន ១០ លានរៀល អង្ករ១តោន ភេសជ្ជ ៥០០កេស។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្ត លោកស្រីឧកញ៉ា សុខ សុភាព ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកទំាងអស់ បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងឃឿនសេដ្ឋកិច្ចជាតិ ដោយរិៈរកគ្រប់មធ្យោបាយ នៅក្នុងការពង្រីកខ្សែច្រវ៉ាកផលិតកម្ម ផលិតជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។ ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឲ្យកម្ពុជាមានឯករាជ្យ និងម្ចាស់ការលើគ្រប់វិស័យ។ សម្តេចបានសង្កត់ធ្ងន់ថា «សូមយើងទំាងអស់គ្នាសូមប្តូរភាពឈឺចាប់របស់យើងនាពេលនេះ ទៅជាភាពរឹងមាំនិងធន់របស់ជាតិយើង»

មហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយបានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ដោយមិនប្រកាន់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេស បានឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង។ សកម្មភាពមនុស្សធម៌មហាគ្រួសារខ្មែរនាពេលនេះ ជាការឆ្លើយតបចំពោះគុណបំបាច់ដ៏ធំធេងរបស់ វីរយុទ្ធជននៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមសមរភូមិជួរមុខ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសកម្មភាពមនុស្សធម៌ក្នុងមហាគ្រួសារខ្មែរនាពេលនេះ ជាការចូលរួមចំណែកដ៏ធំធេង បានឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ ឧកញ៉ា លោក និងលោកស្រី ក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ក្នុងនាមខ្មែរជួយខ្មែរ នៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។

ក្នុងស្មារតីសមរភូមិក្រោយគំាទ្រនិងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការរដ្ឋសភា ព្រមទំាងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមយ៉ាងសស្រាក់ស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខនិងចែកអំណោយសប្បុរសធម៌ជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក គ្រប់គោលដៅ យ៉ាងមមាញឹកជាទីបំផុត។ ចំពោះអំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបាន តាមរយៈសម្តេចប្រធានរដ្ឋសភា បានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មានដូចជា៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។ រដ្ឋសភានៅតែបន្តទទួលអំណោយសម្បុរធម៌ហើយធ្វើការបែងចែកអំណោយទាំងអស់នោះតាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ។

ជាថ្មីម្ដងទៀត សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ប្រជាពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ខិតខំការពារ អធិបតេយ្យ និងបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ៕