ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញនាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកបន្តជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប


នាព្រឹកថ្ងៃសុក្រ ១៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ១០តោន ប្រហុក២០០០កែវ និងថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកបន្តដល់ក្រុមគ្រួសារបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងខេត្តសៀមរាប។

សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានបងប្អូនភៀសសឹកស្នាក់នៅបណ្តោះអាសន្នចំនួន ៤៧០០០គ្រួសារស្មើនឹងប្រមាណ ១៣ម៉ឺននាក់។ គ្រឿងឧបភោគបរិភោគទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងដោយសារការឈ្លានពានដ៏ឃោរឃៅរបស់យោធាសៀម ហើយកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្មារតីរួបរួមសាមគ្គីគ្នាខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ៕