ក្រសួងមហាផ្ទៃ៖ គិតត្រឹមរសៀលថ្ងៃទី២ ខែមករា ពលរដ្ឋភៀសសឹកជាង១.៥ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង៣៩ម៉ឺននាក់


ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១ ខែមករា ដល់ម៉ោង១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក១៥,៦២៤នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឲ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៣៩៣,៦៤០នាក់ ក្នុងនោះស្រ្តី ២០៦,៧៨៣នាក់ និងកុមារ១២៦,១៩៦នាក់។

ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តបន្ទាយមានជ័យ មាន សាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៦ បន្តបិទផ្អាកខណៈសាលារៀន៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៦ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការឡើងវិញ។ ខេត្ត ព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និង ឃុំចំនួន៦ បានដំណើរការឡើងវិញ។

ខេត្តឧត្តរមានជ័យ មានសាលារៀន២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន១០១ មន្ទីរពេទ្យ/មណ្ឌលសុខភាព៨ រដ្ឋបាលស្រុក៤ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៨ និងប៉ុស្តិ៍នគរបាល រដ្ឋបាល២៣ បានដំណើរការឡើងវិញ។ ចំពោះ ខេត្តកោះកុង មានសាលារៀន៦៦ ដែលបានបិទផ្អាក បានបើក ដំណើរការឡើងវិញទាំងអស់។

ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ទិន្នន័យទើបប្រមូលបាន ខូចខាតផ្ទះពលរដ្ឋ ៤៦ខ្នង ស្ថានីយ៍ប្រេង២ ផ្សារឯកជន១ សាលារៀន៤ មន្ទីរពេទ្យ/មណ្ឌលសុខភាព៥ អគារ២២ និងផ្លូវ១។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៣២៣ខ្នង អគារស៊ីវិលឯកជន៧ អគារ ស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំង ទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន១៦ មណ្ឌលសុខភាព៧ សំណង់អគារ៣៩ វត្តអារាម៥ សាលាឆទាន១ រូបសំណាក១ រថយន្ត១ គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៤ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖