(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្មបានរៀបចំពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ ដើម្បីបង្ហាញសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៥។
ពិធីនេះ រៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ អង្គសន្និបាតនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញឡាញ។
ថ្លែងក្នុងពិធីបើកសន្និបាតនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវ ចម និម្មល មានប្រសាសន៍ថា សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ រយៈពេល២ថ្ងៃនេះ គឺជាវេទិកាប្រចាំឆ្នាំ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ផ្សារភ្ជាប់នឹងឱកាសនៃការស្តាប់ និងពិភាក្សាស៊ីជម្រៅ ស្វែងរកគន្លឹះនិងដំណោះស្រាយលើបញ្ហាប្រឈមចំពោះមុខ និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងនោះលោកជំទាវ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧.៦៦%។ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ សម្រេចបានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និងការនាំចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២%៕
















