នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ជាសម្ភារគ្រឿងឧបភោគបរិភោគ ផ្តល់ជូនគ្រួសារវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៤០០គ្រួសារ នៅទីទួលសុវត្ថិភាពវត្តពើងអង្កាម ខេត្តព្រះវិហារ ស្របពេលទិវាជ័យជម្នះ ៧ មករា ជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ជ័យជម្នះរបស់ប្រជាជាតិកម្ពុជា។
ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំខេត្តព្រះវិហារ រួមជាមួយលោកតា លោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនាពេលនេះ ឯកឧត្តម ហួត ហាក់ បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។ ជាមួយគ្នានេះឯកឧត្តមប្រធាន ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សូមឱ្យមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល។
ស្ថិតក្នុងគ្រាដ៏លំបាកនេះ ឯកឧត្តម ហួត ហាក់ ក៏សូមគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោប្រធានគណបក្ស, រួមជាមួយសម្តេចធិបតីអនុប្រធានគណបក្ស និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោ នោះឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជនកម្ពុជា បានចងចាំសច្ចធម៌ប្រវត្តិសាស្រ្ត យល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបាន របស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ។
សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ផ្តល់ជូនគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៤០០គ្រួសារ នៅវត្តពើងអង្កាម ខេត្តព្រះវិហារ ក្នុងនោះ ១គ្រួសារ ទទួលបាន៖ អង្ករចំនួន ១០គីឡូក្រាម, ទឹកសុទ្ធចំនួន ១កេស, ឃីតចំនួន ១ រួមមាន៖ សាច់ក្រក, សាច់មាន់ផាត់, ត្រីងៀត, ឆៃប៉ូវ, មីកញ្ចប់, សៀង និងទឹកត្រី, ត្រីខកំប៉ុង, សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ រួមទាំងសម្ភារៈផ្សេងៗដូចជានំ, ភួយ, ខោអាវ, ទឹកដោះគោកូនក្មេង និងខោទឹកនោម។





















