ផ្ទះមួយខ្នង ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានប្រគល់ជូនអតីតយុទ្ធជនរស់នៅខេត្តកែប ក្រោយពីបានសាងសង់រួចរាល់ តាមរយៈឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងថា ការប្រគល់ផ្ទះមួយខ្នងនេះ គឺជាការយកចិត្តទុកដាក់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសន្តិភាពសង្គម។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយចាត់ទុកអតីតយុទ្ធជនជាវីរបុរសជាតិ ដែលមិនអាចទុកចោលបានឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់អតីតយុទ្ធជន និងក្រុមគ្រួសារ បន្តខិតខំរស់នៅ ប្រកបរបរតាមលទ្ធភាព និងថែរក្សាសុខភាព អោយបានល្អ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែរីកចម្រើន។
គួររំលឹកថា លោក ថន វណ្ណា រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ជាអតីតយុទ្ធជន បានចូលនិវត្តជិត ៥ឆ្នាំមកហើយ។ ជាមួយក្តីត្រេកអរក្រោយទទួលបានផ្ទះថ្មីមួយខ្នងនេះ លោក ថន វណ្ណា ក៏ក៏បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមិនទុកអតីតយុទ្ធជនណាម្នាក់ចោលឡេីយ៕













