ក្រោមស្មារតីរួមគ្នាជម្នះការលំបាករបស់ជាតិព្រោះសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ, ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា បានផ្តល់អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់នានា ជូនទៅដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ទុកចាត់ចែងជូនដល់ជនភៀសសឹក និងវីរៈកងទ័ព។
អំណោយទាំងនេះ ត្រូវបានឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាងឯកឧត្តម សុខ សុកេន នាំទៅប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម លីវ សុភក្ត្រា បានឱ្យដឹងថា អំណោយទាំងនេះ ជាការរៀបចំដោយឯកឧត្តម សុខ សូកេន និងលោកជំទាវ ចម ក្រស្នា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច និងសប្បុរសជននានា។ អំណោយជាគឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ទាំងនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាត់ចែងចែកជូនដល់ជនភៀសសឹក និងវីរៈកងទ័ពដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារជាតិមាតុភូមិ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តបន្ទាយមានជ័យនៅមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារទៀត ដែលអាជ្ញាធរបន្តយកចិត្តទុកដាក់ និងដោះស្រាយជូនពួកគាត់។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងភរិយា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ក៏ដូចជាសប្បុរសជន ដែលបានរួមគ្នាផ្តល់នូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដល់រដ្ឋបាលខេត្ត។ ឯកឧត្តមអភិបាលខេត្ត ចាត់ទុកការផ្តល់អំណោយនេះ ជាកាយវិការប្រកបដោយស្មារតីខ្ពស់ចូលរួមដោះស្រាយការលំបាករបស់ខេត្ត ក៏ដូចជាប្រជាពលរដ្ឋ៕

