សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់វីរកងទ័ពនៅមន្ទីរពេទ្យចំនួន៣ក្នុងរាជធានីភ្នំពេញ


យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខវីរកងទ័ព និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣ ក្នុងរាជធានីភ្នំពេញ គឺមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនាឱកាសនេះ សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនអំពីព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ និងព្រះរាជហឬទ័យនឹករលឹកដ៏ជ្រាលជ្រៅអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនជាវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៣នេះ។

សម្តេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍កោតសរសើរចំពោះកងកម្លាំងគ្រប់រូបទាំងអស់ ដែលបានឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី នាំមកនូវសេចក្តីសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាមន្ត្រី ព្រះរាជតំណាង បានសម្តែងនូវក្តីអាណិតអាសូរជាពន់ពេក ចំពោះវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស បន្ទាប់ពីបានឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ក្នុងពេលកន្លងមក។ សម្តេចមហាមន្ត្រី បានជូនពរឱ្យវីរកងទ័ព ឆាប់បានជាសះស្បើយ ហើយមានសុខភាពល្អ កម្លាំងមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារជាតិ និងមាតុភូមិ។

សូមជម្រាបថា ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចមហាមន្ត្រី ព្រះរាជតំណាង និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានយកមកជូនដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៣នេះ សរុបចំនួន៤៧នាក់ ក្នុងម្នាក់ៗ ទទួលបានព្រះរាជទ្រព្យចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល)។ ព្រះរាជអំណោយប្រោសព្រះរាជទានសម្រាប់អ្នកកំដរ ចំនួន ៤៧នាក់ ក្នុងម្នាក់ៗ ទទួលបានសារុងចំនួន១ និងថវិកា ៥០.០០០៛ (ហាសិបពាន់រៀល)។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទានសម្រាលការលំបាករបស់ប្រជារាស្ត្រជាវីរកងទ័ព នាពេលនេះ គឺជាព្រះរាជហឬទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេស បងប្អូនប្រជារាស្ត្រជាវីរកងទ័ពដ៏អង់អាចក្លាហាននេះ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ព្រះអង្គប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមគ្រប់បែបយ៉ាង ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់៕