អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរដើម្បីផ្គត់ផ្គង់ដល់វីរកងទ័ពជួរមុខដែលកំពុងការពារព្រំដែន


ដោយមានការផ្តួចផ្តើមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅភូមិទី១ កោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរួមគ្នាធ្វើត្រីឆ្អើរទុកសម្រាប់ផ្តល់ឲ្យទៅ វីរកងទ័ពដែលកំពុងការពារព្រំដែន។

ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា រដ្ឋបាលខេត្ត បានប្រមូលទិញត្រីពីប្រជាពលរដ្ឋ នៅក្នុងឃុំកោះសូទិនតែម្តង ដែលក្នុងផែនការ គឺត្រូវប្រមូលទិញត្រីចំនួន ១តោន អាចផលិតជាត្រីឆ្អើរ បានប្រមាណជា ៣,០០០ចង្កាក់។ មកដល់ពេលនេះ ប្រជាពលរដ្ឋបានរួមគ្នាផលិតបានត្រីឆ្អើរជាង១ពាន់ចង្កាក់ហើយ ដូច្នេះរង់ចាំការធ្វើត្រីឆ្អើរនេះគ្រប់គោលការណ៍ រដ្ឋបាលខេត្តនឹងបញ្ជូនទៅវីរកងទ័ពរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា នៅសមរភូមិមុខ គឺមានស្បៀងជាច្រើនមុខហើយ ប៉ុន្តែអ្វីដែលពួកគាត់ចង់បានបន្ថែម គឺត្រីឆ្អើរជាប្រភេទអាហារក្រៀមទុកបានយូរ ដែលពួកគាត់មិនទាន់មាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការចុះទៅពិនិត្យមើលសកម្មភាពរបស់ប្រជាពលរដ្ឋផលិតត្រីឆ្អើរដោយផ្ទាល់ នៅភូមិទី១ កោះថ្មី នេះ គឺចង់បង្កើតតំបន់នេះឲ្យទៅជាសហគមន៏ផលិតត្រីឆ្អើរ ជាភូមិមួយផលិតផលមួយ ដែលត្រូវឲ្យមន្ទីរ ពាណិជ្ជកម្ម និងមន្ទីរកសិកម្ម ចុះទៅរៀបចំឆាប់ៗនេះ និងរកទីផ្សារឲ្យពួកគាត់ ធ្វើឲ្យពួកគាត់មាននិរន្តរភាពរហូតក្នុងការផ្គត់ផ្គង់ត្រីឆ្អើរ៕