ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងអនុរដ្ឋមន្ដ្រីការបរទេសវៀតណាម យល់ឃើញអំពីឧត្តមប្រយោជន៍ ដែលត្រូវបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ


ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ គឿង អនុរដ្ឋមន្ត្រីការបរទេស និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានយល់ឃើញដូចគ្នាអំពីឧត្តមប្រយោជន៍ ដែលត្រូវបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម លើយន្ដការដែលមានស្រាប់នាពេលកន្លងមក។

ការយល់ឃើញដូចគ្នាបែបនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អនុញ្ញាតឲ្យឯកឧត្តម ង្វៀន ម៉ាញ គឿង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ នាសាលសវនាការរបស់លោកសន្ដិបណ្ឌិត អគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានសម្តែងនូវការកោតសរសើរចំពោះបក្ស និងរដ្ឋាភិបាលវៀតណាមចំពោះការសម្រេចសមិទ្ធផលធំៗជាច្រើន ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា-វៀតណាម ជាអ្នកជិតខាងដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយគ្នា ជាពិសេសមានកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកនៅពេលជួបវិបត្តិ ហើយប្រទេសទាំងពីរបានឆ្លងកាត់សង្គ្រាមច្រើនដំណាក់កាល និងមិនចង់ឃើញសង្គ្រាមកើតឡើងទៀតឡើយ។

ជាមួយគ្នានោះ ឯកឧត្តម ​ង្វៀន ម៉ាញ គឿង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យរូបឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់កម្ពុជា ដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយសង្កេតឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា មានការវិវត្តគួរឲ្យកត់សម្គាល់។

ឯកឧត្តមអនុរដ្ឋមន្ដ្រី ក៏បានយល់ឃើញដែរថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានប្រវត្តិយូរអង្វែងដែលជាទ្រព្យមួយដ៏មានតម្លៃសម្រាប់ប្រជាជន គណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ឯកឧត្តមបានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ដោយមើលឃើញពីសក្តានុពលដ៏ធំធេងនៃទំនាក់ទំនងទ្វេភាគី ឯកឧត្តមអនុរដ្ឋមន្ដ្រីបានលើកឡើងថា ភាគីទាំងពីរត្រូវបន្តសហការគ្នាឲ្យកាន់តែស្អិតរមួត ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្សឲ្យរឹងមាំសម្រាប់ជំរុញការអភិវឌ្ឍទៅមុខ។ ទន្ទឹមនឹងនោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម ផងដែរ។

ឯកឧត្តមសង្ឃឹមថា ដំណើរទស្សនកិច្ចឯកឧត្តម តូឡឹម មកកម្ពុជា នាពេលខាងមុខ នឹងបង្កើតឲ្យមានការជំរុញការអភិវឌ្ឍនៅលើវិស័យជាច្រើន ហើយនឹងជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ ខណៈឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានអះអាងថា កម្ពុជានឹងត្រៀមស្វាគមន៍វត្តមានរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងអំឡុងខែកុម្ភៈនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានឆ្លើយតបដោយឯកភាព ក្នុងការជួយសម្រួលរាល់កិច្ចការងារដែលនៅសេសសល់នាពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរបន្ថែមទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ព្រមទាំងគាំទ្រស្មារតីនៃប្រទេសទាំងពីរឆ្ពោះទៅមុខរួមគ្នាឲ្យទទួលបានជោគជ័យ។

ទាំងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកឧត្តមអនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម បានឯកភាពគ្នាបន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ការងារចំពោះមុខ និងការងារយូរអង្វែង ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០៕