មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយគាំទ្រដល់សហគមន៍កសិកម្ម ក៏ដូចជាសហគមន៍កសិកម្មទំនើប ឱ្យមានភាពរឹងមាំ


ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយលោកស្រី Yasmin Siddiqi នាយិកាថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងបេសកកម្មថ្មីៗបន្ថែមទៀតជាមួយនឹងធនាគារ ADB ជាពិសេសការពិភាក្សាលម្អិតអំពីកម្មវិធីគម្រោងដែលមានស្រាប់ និងគម្រោងថ្មីៗកំពុងស្ថិតក្នុងការពិភាក្សាផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ធនាគារ ADB ពិចារណាក្នុងការជួយគាំទ្រដល់សហគមន៍កសិកម្ម ក៏ដូចជាសហគមន៍កសិកម្មទំនើប ឱ្យមានភាពរឹងមាំ មានផែនការផលិតកម្មផ្សារភ្ជាប់ទីផ្សារទុកជាមុន បង្កើនសមត្ថភាពកែច្នៃដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ តភ្ជាប់ខ្សែច្រវាក់តម្លៃ និងនាំចេញទៅទីផ្សារបានពិតប្រាកដ ដែលជាគម្រូនៃការវិនិយោគជាមួយនឹងកសិផលសក្តានុពលកម្ពុជាជាច្រើនប្រភេទ។

ជំនួបពិភាក្សានេះទទួលបានលទ្ធផលផ្លែផ្កា ដោយក្រសួងកសិកម្ម និងលោកស្រីនាយិកាថ្មីនៃធនាគារ (ADB) ប្តេជ្ញាចិត្តក្នុងអនុវត្តកម្មវិធីគម្រោងរួមគ្នា ជំរុញការអភិវឌ្ឍវិស័យកសិកម្ម ផ្តល់ផលប្រយោជន៍និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសសម្រេចនូវលទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕