ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ បានមានប្រសាសន៍ថា ខេត្តតាកែវ នឹងចាប់ផ្ដើមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសំខាន់ៗចំនួន ២ ដែលនឹងធ្វើឱ្យខេត្តនេះ ក្លាយជាខេត្តឈានមុខគេក្នុងបរិវត្តកម្មឌីជីថល ដោយផ្តោតសំខាន់លើការជម្រុញ នៃការផ្តល់ សេវាសាធារណៈជូន ប្រជាពលរដ្ឋ កាន់តែលឿន រហ័សនិងកាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសាធារណៈ ។
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តតាកែវ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានមានប្រសាសន៍បន្តថា ប្រព័ន្ធលំហូរឯកសាររដ្ឋបាល គឺជាប្រព័ន្ធមួយដែលនឹងជួយឱ្យកិច្ចការរដ្ឋបាលកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា៖ “រាល់ថ្ងៃនេះ ខ្ញុំមិនដែលស៊ីញ៉េលើក្រដាសឡើយ (លើកលែងតែឯកសារដែលក្រសួងសេដ្ឋកិច្ចតម្រូវ)។ ខ្ញុំប្រើប្រាស់តែ iPad ១គ្រឿងប៉ុណ្ណោះ ទោះនៅទីណាក៏អាចពិនិត្យ ផ្តល់យោបល់ ឬសម្រេចលើឯកសារបានភ្លាមៗជូនមន្ត្រី”។ ការអនុវត្តបែបនេះ នឹងជួយឱ្យរដ្ឋបាលខេត្តតាកែវ កាត់បន្ថយការប្រើប្រាស់ក្រដាស និងពន្លឿនការងារឱ្យកាន់តែរលូន។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមទៀតថា ប្រព័ន្ធថ្នាលវើរីហ្វាយ (Verify) នេះ គឺជាថ្នាលកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ និងប្រើប្រាស់នៅក្នុងប្រទេសជាច្រើនដូចជា ហ្វីលីពីន ទីម័រ និងបង់ក្លាដេសជាដើម។ ថ្នាលនេះនឹងចូលខ្លួនមកដោះស្រាយបញ្ហាស៊ាំញ៉ាំនៃឯកសារអត្រានុកូលដ្ឋាន (សំបុត្រកំណើត អាពាហ៍ពិពាហ៍ និងលិខិតអនុញ្ញាតផ្សេងៗ)។
ឯកឧត្តម ជា វ៉ាន់ដេត បានបង្ហាញទិន្នន័យគួរឱ្យចាប់អារម្មណ៍ថា ក្នុងមួយឆ្នាំៗ មានឯកសាររដ្ឋបាលប្រមាណ កន្លះលានច្បាប់ ត្រូវបានស្នើសុំនៅខេត្តតាកែវ។ ជាមធ្យម ពលរដ្ឋម្នាក់ត្រូវធ្វើដំណើរពី ២ ទៅ ៤ ដង ដើម្បីទទួលបានឯកសារ ១ ច្បាប់ ដែលសរុបមកពលរដ្ឋត្រូវធ្វើដំណើររហូតដល់ ១លាន ទៅ ១,៥លានដង ក្នុងមួយឆ្នាំៗ។
“ការប្រើប្រាស់ប្រព័ន្ធថ្នាលវើរីហ្វាយ Verify នឹងជួយឱ្យពលរដ្ឋស្នើសុំឯកសារតែម្តងគត់ ហើយអាចយកទៅប្រើប្រាស់បានមួយជីវិត ដោយមិនចាំបាច់យកទៅថតចម្លង ឬបញ្ជាក់ភាពត្រឹមត្រូវជាច្រើនដងឡើយ ដែលនេះគឺជាការជួយសន្សំសំចៃថវិកា និងពេលវេលារបស់ពលរដ្ឋយ៉ាងពិតប្រាកដ”។
តាមរយៈការស្រឡាញ់ចូលចិត្តបច្ចេកវិទ្យារបស់ថ្នាក់ដឹកនាំខេត្តតាកែវ ឯកឧត្តមរដ្ឋមន្ត្រី មានក្តីសង្ឃឹមយ៉ាងមុតមាំថា ខេត្តតាកែវនឹងក្លាយជាខេត្តទីមួយដែលអនុវត្តថ្នាលទាំង ២ នេះមុនគេបង្អស់។ ទោះជាយ៉ាងណា ឯកឧត្តមក៏បានបញ្ជាក់ដែរថា មានខេត្តព្រះវិហារផងដែរ ដែលបានដាក់សំណើចង់អនុវត្តប្រព័ន្ធនេះ ហើយក្រសួងកំពុងស្ថិតក្នុងការពិចារណា ដើម្បីជំរុញការងារឌីជីថលនៅតាមបណ្តាខេត្តជាប់ព្រំដែន ៕


