រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងទិដ្ឋាការរយៈពេល៤ខែ និងស្នាក់នៅកម្ពុជាចំនួន១៤ថ្ងៃ សម្រាប់ភ្ញៀវទេសចចិន


ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាត ដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែល កាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំ តម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគី ពាក់ព័ន្ធទាំងអស់ ជ្រាប និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបាន ទូលំទូលាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត៕