រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់យល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រមាន បីមាត្រា។
ចំណែកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៉ីក ហើយចូលជាធរមាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ បច្ចុប្បន្ន មានប្រទេសចំនួន១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។ ក្នុងក្របខណ្ឌអាស៊ាន ប្រទេសចំនួន១០ រួមទំាងប្រទេសឡាវដែលជាប្រទេសមិនជាប់សមុទ្រ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ។ ព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញានេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។
អនុសញ្ញានេះកំណត់អំពីក្របខណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប។
ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានសមុទ្រ ទទួលបាននូវក្របខណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រ, ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងការពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ជាដើម។
អង្គរដ្ឋសភា បានធ្វើការពិភាក្សាសេចក្តីព្រាងច្បាប់ខាងលើតាមនីតិវិធី ដែលជាលទ្ធផល អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជាឯកច្ឆន្ទ៕










